ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក៏បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាហ៊ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្នុងជំនួបនៅវិមានសន្តិភាពនេះដែរ បើតាមឯឧ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោថា ឯកឧត្តមវ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួគីជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះប្រជាជនកម្ពុជាទាំងមូលដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមក។
ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាកន្លងមក។
ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរកម្ពុជា តួគី គឺមានសក្តានុពលយ៉ាងច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការ និងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកើនឡើង១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមានវិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ រួមមានវិស័យវារីវប្បកម្ម វិស័យគ្រឿងយន្តកសិកម្ម វិស័យសំណង់វិស័យ វិស័យអាយធី វិស័យកែច្នៃម្ហូបអាហារ និងអាហារ ហាឡាល់ វិស័យអប់រំ ការផ្ដល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសតួគី ការហោះហើរត្រង់ពីប្រទេសតួគីមកកម្ពុជានិងវិស័យជាច្រើនទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតី តួគី និងបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ ហើយសម្ដេចក៏បានថ្លែងអំណរគុណចំពោះការអបអរសាទររបស់ឯកឧត្ដមចំពោះជោគជ័យភាពជាម្ចាស់ផ្ទះដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។
សម្តេច ក៏បានលើកទឹកចិត្តឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្តានុពលដូចដែលឯកឧត្តមបានលើកឡើងខាងលើហើយក៏បានផ្ដល់អនុសាសន៍ជូនឯកឧត្តម វ៉ាហ៊ីតថា គប្បីណាជំរុញឱ្យមានអ្នកវិនិយោគតួគីមកវិនិយោគនៅប្រទេសកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនកែច្នៃ សង់ឃ្លាំងស្តុកនិងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីកសិករកម្ពុជាយកមកកែច្នៃ ដើម្បីនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។
សម្តេចថា កម្ពុជាមានវត្ថុធាតុដើមច្រើនដែលរួមមានដូចជាស្វាយចន្ទី ដំឡូង កៅស៊ូ ស្រូវដែលអាចកែច្នៃសម្រាប់ការនាំចេញ ហើយជាមួយគ្នានោះដែរ គប្បីណាពិចារណាឱ្យមានកិច្ចព្រមព្រៀងមិនមានការយកពន្ធត្រួតគ្នាដើម្បីជាការសម្រួលនិងលើកទឹកចិត្តដល់វិនិយោគរវាងប្រទេសទាំងពីរ៕





