ប្រេស៊ីល៖ ព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ បានអនុម័តលើអន្តរាគមន៍សហព័ន្ធនៅក្នុងទីក្រុង Brasilia បន្ទាប់ពីទីក្រុងនេះត្រូវបានវាយលុកចូល ដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro ដែលបានសម្រុកចូលសភាប្រទេស វិមានប្រធានាធិបតី និងតុលាការកំពូល។

អន្តរាគមន៍ផ្នែកសន្តិសុខត្រូវបានចេញបញ្ជាដោយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បន្ទាប់ពីកុបកម្មកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែរង់ចាំភ្លើងខៀវពីសភា។ សភាជាន់ទាបបានអនុម័តជាឯកច្ឆន្ទលើអន្តរាគមន៍នេះកាលពីល្ងាចថ្ងៃចន្ទរួចហើយ។ ប្រធានព្រឹទ្ធសភាលោក Rodrigo Pacheco បានចាត់ទុកសកម្មភាពនេះថាជា «ឧក្រិដ្ឋកម្ម» និងបាននិយាយថា អ្នកទាំងឡាយដែលពាក់ព័ន្ធក្នុងការបំផ្លាញសភា កំពុងត្រូវបានកំណត់អត្តសញ្ញាណ។ នគរបាលប្រេស៊ីលបានសួរចម្លើយក្រុមបាតុករប្រហែល ១០០០នាក់កាលពីថ្ងៃអង្គារ។ វីដេអូដែលបានថតកាលពីថ្ងៃអង្គារបង្ហាញពីការបំផ្លាញ ដែលបានធ្វើឡើងនៅតុលាការសហព័ន្ធកំពូលប្រទេសប្រេស៊ីល ដោយអ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro បានសម្រុកចូល និងវាយកម្ទេចអគារកាលពីថ្ងៃអាទិត្យ។
កញ្ចក់បែក ហើយគ្រឿងសង្ហារឹមដែលបានបំផ្លាញនៅរាយប៉ាយពេញជាន់ នៃអគារតុលាការក្នុងរដ្ឋធានី Brasilia ពីរថ្ងៃបន្ទាប់ពីក្រុមកុបកម្មបានវាយលុកចូលដ៏អាក្រក់បំផុតមកលើស្ថាប័នរដ្ឋ ចាប់តាំងពីប្រទេសនេះបានវិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ មនុស្សប្រមាណ ៦០០នាក់ត្រូវបានដោះលែងបន្ទាប់ពីឃុំខ្លួន សម្រាប់ការពាក់ព័ន្ធដែលសង្ស័យក្នុងការសម្រុកចូលអគាររដ្ឋាភិបាលប្រេស៊ីល។ ស្ត្រី កុមារ និងមនុស្សចាស់ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ ក្នុងចំណោមមនុស្ស ១៥០០នាក់នៅក្នុងមន្ទីរឃុំឃាំង៕
អត្ថបទ៖ ប៊ុនថន