ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលរងការចោទចំនួន២ករណី រួមមាន៖ បទចោទពីការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទចោទលើករណីសម្អាតប្រាក់ ។
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់BTVនៅព្រឹកថ្ងៃទី១១ ខែមករា នេះថា បន្ទាប់ពីACU បានរៀបចំកសាងសំណុំរឿងរួចហើយ នៅព្រឹកមិញនេះ ACU បានបញ្ជូន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច ទៅតុលាការរួច ហើយ ដែលនៅក្នុងដំណាក់ដំបូង ព្រះរាជអាជ្ញា នឹងធ្វើការចោទសួរ ទៅតាមសំណុំរឿង ដែលACUបានបញ្ជូនទៅ ។
លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវ ជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ៣៨ម៉ឺនដុល្លារ ព្រមទាំងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ ចំនួនជិត ៤ពាន់នាក់ផងដែរ ៕ អត្ថបទ៖ ស៊ុម សុខជា
