ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តបារាំង Sebastian Loeb បានប្រជែងឈ្នះដំណាក់កាលទី៩ នៃព្រឹត្តិការណ៍ប្រណាំងយានយន្តចម្ងាយឆ្ងាយ Dakar Rally តែអ្នកនាំមុខរួមនៅតែជាកីឡាករកាតា Nasser Al-Attiyah ដដែល។

ដំណាក់កាលទី៩ ដែលមានចម្ងាយផ្លូវ ៣៥៨គីឡូម៉ែត្រ កីឡាករដែលបើកបរឱ្យក្រុមប្រណាំង Prodrive រូបនេះបានចំណាយពេល ៣ម៉ោង ៧នាទី ២៤វិនាទីដើម្បីមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយកីឡាករលីទុយអានី Vaidotas Zala យឺតជាង ៥៧វិនាទី និងលេខ៣ កីឡាករបារាំង Guerlain Chicherit យឺតជាង ២នាទី ៨នាទី។ នេះជាជ័យជំនះលើកទី៣ ដំណាក់កាលសម្រាប់ Sebastian Loeb នៅ Dakar Rally ឆ្នាំនេះ តែបើក្រឡេកមកតារាងវេលារួមវិញអ្នកនាំមុខគេនៅតែជាកីឡាករកាតា Nasser Al-Attiyah ដោយមានវេលាចំណេញពីលើអ្នកលេខ២ កីឡាករប្រេស៊ីល Lucas Moraes ១ម៉ោង ២១នាទី ៥៧វិនាទីឯណោះ។

ងាកមកការប្រកួតផ្នែកម៉ូតូវិញជ័យជំនះក្នុងដំណាក់កាលទី៩ នេះបានទៅកីឡាករអាហ្សង់ទីន Kevin Benavides តែអ្នកនាំមុខរួមនៅតែជាកីឡាករអាមេរិក Skyler Howes នាំមុខ ១នាទី ១៣វិនាទីពីលើ Benavises។ សម្រាប់ដំណាក់កាលទី១០ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ៦២៣គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ