បែលហ្សិក៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីកំពុងកេណ្ឌកងទ័ពបន្ថែមទៀតសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ហើយមិនគួរមើលស្រាលលើប្រទេសនេះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយមេដឹកនាំសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងលោក Charles Michel លោក Stoltenberg បានអំពាវនាវឱ្យសមាជិកនៃសម្ព័ន្ធយោធា និងសហភាពអឺរ៉ុបត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ។

លោកស្រី Von der Leyen បាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ខណៈដែលខ្លួនបន្តដាក់សម្ពាធលើទីក្រុងមូស្គូដើម្បីបញ្ចប់ជម្លោះ និងបន្ថែមវិធានការដល់ប្រទេសទាំងឡាយណាដែលគាំទ្ររុស្ស៊ី។ នៅក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីការផ្គត់ផ្គង់រថក្រោះប្រយុទ្ធរបស់ប្រទេសលោកខាងលិច រួមទាំងរថក្រោះ Leopard 2 ដល់ប្រទេសអ៊ុយក្រែន លោកស្រី Ursula von der Leyen បាននិយាយថា អ៊ុយក្រែនគួរតែទទួលបានយុទ្ធោបករណ៍ចាំបាច់ទាំងអស់ដែលពួកគេត្រូវការ។ លោក Stoltenberg និយាយថា លោកស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ក្នុងការផ្តល់យានយន្តយោធា។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនចាត់ទុកថា «ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ដោយលើកឡើងពីការគំរាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួន និងតម្រូវការដើម្បីការពាររុស្ស៊ី។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តបានចោទទីក្រុងមូស្គូ ពីសង្គ្រាមមិនបង្ករឿងក្នុងការដណ្តើមយកទឹកដី។ បណ្តាមេដឹកនាំសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការអឺរ៉ុប-NATO កាលពីថ្ងៃអង្គារ៕
អត្ថបទ៖ ប៊ុនថន