
ភ្នំពេញ៖ ប្រធានសមាគមផលិតស្បែកជើងកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយ និងគៀងគររកអ្នកវិនិយោគថ្មីៗបន្ថែម ជាពិសេសការបញ្ជាទិញពីក្រៅប្រទេស ដើម្បីផ្តល់លទ្ធភាពដល់រោងចក្រ សហគ្រាស ឲ្យដំណើតប្រកដោយនិរន្តភាព ខណៈការបញ្ជាទិញក្នុងពេលបច្ចុប្បន្នមានការធ្លាក់ចុះ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) លើកឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នេះថា ជុំវិញការនាំចេញផលិតផលការបូប និងស្បែកជើង នៅក្នុងឆ្នាំ២០២២ ការនាំចេញទំនិញនេះ បានកើនឡើងប្រមាណ ១៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ តែនៅក្នុងឆ្នាំ២០២៣ ស្ថានភាពនៃការនាំចេញអាចនឹងបន្តការលំបាកខ្លះៗ ខណៈការបញ្ជាទិញនៅក្នុងដើមឆ្នាំនេះ មានការធ្លាក់ចុះផងដែរ។
អ្នកឧកញ៉ា បន្តថា ចំពោះពាក់ព័ន្ធការបញ្ជាទិញ, នៅដើមឆ្នាំ២០២២ គឺមានស្ថានភាពល្អប្រសើរ ប៉ុន្តែ មកដល់ចុងឆ្នាំ ២០២២ និងនៅដើមឆ្នាំ២០២៣ នេះ ស្ថានភាពនៃការបញ្ជាទិញស្បែកជើង និងកាបូបមានការធ្លាក់ចុះ ក្នុងរង្វង់ប្រមាណ ៣០ ទៅ ៤០ភាគរយ ដែលបញ្ហានៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិបត្តិនៃសង្គ្រាមរុស្សី អ៊ុយក្រែន គួបផ្សំស្ថានភាពវិបត្តិជំងឺកូវីដ ១៩ ផងដែរ ។
ទាក់ទងទីផ្សារនាំចេញវិញ, អ្នកឧកញ៉ា លី ឃុនថៃ បង្ហាញឲ្យដឹងថា សម្រាប់ទីផ្សារនាំចេញផលិតផលការបូប និងស្បែកជើងក្នុងពេលបច្ចុប្បន្ន កម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំជាងគេមានចំនួន ២ គឺ ការនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារសហគមន៍អឺរ៉ុបជាដើម ក្រៅនេះកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសកាណាដា និងទីផ្សារប្រទេសក្នុងអាស៊ានផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី