ភ្នំពេញ ៖ សមាគមមិត្តពលករកម្ពុជា កាលពីកន្លងទៅនេះ បានដាក់លិខិតចំនួន ២ច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងគោលបំណងស្នើសុំអន្តរាគមន៍ដើម្បីជួយដល់ពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ ដែលរងទុក្ខលំបាកជាច្រើនថ្ងៃខែកន្លងមកនោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក ស្រី ចំរើន ប្រធានសមាគមមិត្តពលករកម្ពុជា បានលើកឡើង ឆ្លងកាត់រយៈពេល ៦ខែមកនេះ តាមរយៈកិច្ចចុះស្រាវជ្រាវពីស្ថានភាពរស់នៅរបស់បងប្អូនពលករខ្មែរនៅថៃ គឺបានឃើញនិងដឹងពីសុខទុក្ខលំបាកជាច្រើនរបស់ពួកគាត់ ដោយសារពួកគាត់ចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ ដើម្បីចង់បានការងារធ្វើដោយសមរម្យស្របច្បាប់ ជាមួយនិងប្រាក់ឈ្នួលខ្ពស់។
លោកបានបញ្ជាក់ថា ក្នុងលិខិតដែលលោកស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា មានដូចជា ជួយសម្រួលក្នុងការផ្តល់ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ (TD) មិនមានភាពស្មុគ្រស្មាញសម្រាប់ពលករ ដោយចំណាយថវិកាតិច កាត់បន្ថយពេលវេលាកុំឲ្យយូរ ដោយថាពលករខ្មែរធ្វើនៅប្រទេសថៃចន្លោះឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់ទទួលបានលិខិតឆ្លងដែនទាំងនោះនៅឡើយ។
លោកប្រធានសមាគមរូបនេះ អះអាងទៀតថា ពលករខ្មែរខុសច្បាប់នៅប្រទេសថៃសព្វថ្ងៃនេះ ពួកគាត់ត្រូវបង់ប្រាក់ឱ្យអាជ្ញាធរថៃជារៀងរាល់ខែ ដោយក្នុងចំនួនចន្លោះពី ៨០០បាត ទៅ ១ ៥០០បាតក្នុងម្នាក់ ទៅតាមតំបន់នីមួយៗ ដើម្បីធានាឱ្យពួកគាត់អាចធ្វើការ និងស្នាក់នៅប្រទេសថៃបាន។ លោកបានបន្ថែមថា ទន្ទឹមនេះពលករខ្មែរមួយចំនួន ក៏ត្រូវបានថៅកែថៃធ្វើបាប មិនបើកប្រាក់ខែ ជួបគ្រោះថ្នាក់ជាយថាហេតុ ឬស្លានិងរឿងក្តីក្តាំជាច្រើនផ្សេងទៀតនៅតុលាការប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,៣លាននាក់ ក្នុងនោះ នៅប្រទេសថៃមានចំនួនជាង ១,២លាននាក់, កូរ៉េជាង ៤ម៉ឺន ៦ពាន់នាក់, ម៉ាឡេស៊ីជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនជាង ១ម៉ឺន ៤ពាន់នាក់, សិង្ហបុរីជាង ៨០០នាក់, ហុងកុងជិត ២០០នាក់ និងអារ៉ាប់ប៊ីសាអូឌីតជាង ៣០នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី






