
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្លែងថា កម្ពុជា នឹងរៀបចំកម្មវិធីធំមួយនៅតាមព្រលាន យន្តហោះ ដើម្បីធ្វើការអបអរសាទរ និងការទទួលស្វាគមន៍ពលរដ្ឋចិន និងទេសចរចិន ដែលធ្វើដំណើរមកទស្សនាកម្ពុជា ក៏ដូចជាការមកធ្វើការវិនិយោគទុនឡើងវិញ ក្រោយពីរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកទេសចរណ៍វិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃទី១១ ខែមករានេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍ បាននិងកំពុងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មើលកម្មវិធីហោះហើរពីប្រទេសចិន មកកម្ពុជា មានចំនួនច្រើន និងរកពេលវេលាសមស្រប ដើម្បីធ្វើកម្មវិធីធំមួយ ដើម្បីទទួលស្វាកមន៍ទេសចរចិនមកទស្សនាកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងទាក់ទាញ។
ឯកឧត្តម ថោង ខុន ថ្លែងថា ក្រោយរដ្ឋាភិបាលចិន ប្រកាសបើកប្រទេសវិញកាលពីថ្ងៃទី៨ ខែមករា រហូតមកដល់ពេលនេះ ក្នុងមួយថ្ងៃៗ គឺមានជើងយន្តហោះចិនមកកម្ពុជា មានប្រមាណជាង៥ជើង ខណៈក្នុងមួយសប្តាហ៍មានកម្មវិធីហោះហើរពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិន គឺមានប្រមាណជាង ៦០ជើង។
ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាទទួលទេសចរអន្តរជាតិសរុបបានប្រមាណ ២លាន២សែននាក់ ក្នុងទេសចរចិន មានប្រមាណតែ ១១ម៉ឺននាក់ ហើយនៅក្នុងឆ្នាំ២០២៣នេះ ប្រសិនបើប្រទេសចិនដកចេញគោលនយោបាយZero Covid និងហើយអមដោយមានព្រឹត្តិការណ៍កីឡាSEA GAME លើកទី៣២នៅកម្ពុជា និងអាស៊ានប៉ារ៉ាហ្គេម បានរៀបចំបានជោគជ័យ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិបាន ៤លាននាក់។
ឯកឧត្តម ថោង ខុន បញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ ការត្រៀមទទួលស្វាគមន៍ទេសចរចិន ខណៈក្នុងខួបលើកទី៦៥ចំណងមិត្តភាពការទូតកម្ពុជា ចិន ភាគីចិន និងកម្ពុជា បានបង្កើតព្រឹត្តិការណ៍ជាច្រើន រួមមានការប្រារព្វធ្វើនៅកម្ពុជាផង និងនៅប្រទេសចិនផង ដែលជាព្រឹត្តិការណ៍ដ៏ល្អក្នុងការជំរុញចលនាទេសចរកម្ពុជា ចិនឲ្យងើបលឿនឡើងវិញ៕ អត្ថបទ៖ ស៊ុម សុខជា