
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី បានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ខណៈភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្រោយចប់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា-សាធារណរដ្ឋតួកគី ដោយមានការចូលរួមរបស់ឯកឧត្តមបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី កាលពីរល្ងាចថ្ងៃទី១១ មករា ឆ្នាំ២០២៣កន្លងទៅនេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា គម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងតួកគីនេះ នឹងអាចសម្រេចបានក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំថ្ងៃនេះ យើងបានឯកភាពជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
គឹតត្រឹម ១១ខែ ឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៣៦លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលពីតួកគី មកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម៕អត្ថបទ៖ឈិត បូរ៉ាវី


