
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១៦ ចូលរួមដោយនាំយកនូវឱកាសការងារចំនួនជិត ៩០០កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។
តាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១១ ខែមករាកន្លងទៅនេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ។
ប្រភពដដែល បានឲ្យដឹងទៀតថាក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនេះ រួមមាន៖ វិស័យធនាគារ, ភោជនីយដ្ឋាន, សេវាកម្ម និងផ្សារទំនើបជាដើម។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា ចំពោះសិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។
សូមជម្រាបជូនថា វេទិកាការងារខាងលើនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី





