ភ្នំពេញ៖ រថយន្តបែនដឹកដី២គ្រឿង ចតនៅក្នុងឃ្លាំង សម្រាប់ជួលដឹកដី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅឃ្លាំងជួល សម្រាប់ដាក់រថយន្តមួយកន្លែង នៅចំណុចផ្លូវចូលតាមស្ថានីយ៍បូមទឹកបឹងទំពុន ស្ថិតនៅក្នុងភូមិត្នោតជ្រុំ ស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីរថយន្តបែនដឹកដីមួយគ្រឿង នៅក្នុងចំណោមរថយន្តដឹកដីជាច្រើនគ្រឿង ដែលស្ថិតនៅក្នុងឃ្លាំងខាងលើ។ ភ្លាមៗនោះអ្នកបើករថយន្តបែនដឹកដីម្នាក់ ដែលកំពុងគេងក្នុងរថយន្តមួយគ្រឿងទៀតបានឃើញភ្លើងឆេះ ក៏ស្រែកហៅគ្នាអោយនាំគ្នាជួយពន្លត់ ប៉ុន្តែអណ្តាតភ្លើងខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបនាំគ្នាផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។
ក្រោយទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង មកកាន់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ក្នុងហេតុការណ៍ អគ្គិភ័យនេះ ត្រូវបានរលត់ទាំងស្រុងក្រោយការអន្តរាគមន៍របស់មន្ត្រីជំនាញ ក្នុងនោះរថយន្តបែនដឹកដីចំនួន២គ្រឿងត្រូវបានឆាបឆេះស្ទើរទាំងស្រុង។
ចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រីជំនាញបានសាកសួរទៅកាន់អ្នកម្ចាស់រថយន្តបែនដឹកដី និងបានបញ្ជាក់ថា សង្ស័យបណ្តាលមកពីការឆ្លងចរន្តនៃអាគុយរថយន្ត ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តង៕ អត្ថបទ៖កុម្ភៈ






