អាហ្វហ្គានីស្ថាន៖ យោងតាមមន្ត្រីមួយរូបរបស់ក្រុមតាលីបង់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ បន្ទាប់ពីជនសង្ស័យខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ខ្លួនឯង នៅខាងក្រៅក្រសួងការបរទេសក្នុងទីក្រុងកាប៊ុល ដែលជាការវាយប្រហារធំបំផុតទី២ នៅក្នុងរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំនេះ។

លោក Ustad Fareedun មន្ត្រីនៅក្រសួងព័ត៌មានគ្រប់គ្រងដោយក្រុមតាលីបង់បានប្រាប់សារព័ត៌មាន Reuters ថា ខ្មាន់បំផ្ទុះគ្រាប់បែកគ្រោងចូលទៅក្នុងក្រសួងការបរទេស ប៉ុន្តែត្រូវបរាជ័យ។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការបំផ្ទុះនេះ។ ក្រុមរដ្ឋអ៊ីស្លាម ISILឬ (ISIS) បានអះអាងថា ខ្លួនជាអ្នកវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់តាមបណ្ដាញ Telegram។ សេចក្ដីរាយការណ៍នានាបាននិយាយថា គណៈប្រតិភូចិនគ្រោងជួបពិភាក្សាជាមួយក្រុមមន្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងក្រសួងការបរទេសនៅពេលមានការវាយប្រហារនោះ៕
អត្ថបទ៖ សុខមាន