រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានផ្លាស់ប្ដូរឧត្ដមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានរយៈពេលតែ ៣ខែប៉ុណ្ណោះក្រោយពីរូបលោកត្រូវបានតែងតាំង។ ពេលនេះនាយអគ្គសេនាធិការលោក វ៉ាលេរី ជេរ៉ាស៊ីម៉ូ (Valery Gerasimov) នឹងដឹកនាំអ្វីដែលលោក Putin ហៅថាជាប្រតិបត្តិការសឹកពិសេស។
លោកឧត្ដមសេនីយ៍ ជេរ៉ាស៊ីម៉ូ (Gerasimov) បានមកជំនួសតំណែងលោក ហ្ស៉ឺហ្គេ សូរ៉ូវីគីន (Sergei Surovikin) ដែលជាអ្នកត្រួតពិនិត្យការវាយប្រហារដ៏សាហាវឃោរឃៅថ្មីៗ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរដ្ឋរបស់អ៊ុយក្រែន។ ការផ្លាស់ប្ដូរនេះមានឡើង ខណៈរុស្ស៊ីអះអាងថា ពួកគេកំពុងវាយរុលទៅមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរងការបរាជ័យខាងយោធាជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ លោកឧត្ដមសេនីយ៍ ជេរ៉ាស៊ីម៉ូ ដែលបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ២០២២ មក គឺជានាយអគ្គសេនាធិការកាន់តែយូរជាងគេបំផុតរបស់រុស្ស៊ីក្រោយសម័យសូវៀត។
ភ្លាមៗក្រោយលោក សូរ៉ូវីគីន ត្រូវបានតែងតាំងឲ្យដឹកនាំប្រតិបត្តិការនេះកាលពីខែតុលា រុស្ស៊ីបានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្ដាលឲ្យជនស៊ីវិលរាប់លាននាក់គ្មានថាមពល ឬទឹកស្អាតប្រើប្រាស់ក្នុងរដូវរងាដ៏ធ្ងន់ធ្ងរ។ លោកក៏បានត្រួតពិនិត្យការដកទ័ពចេញពីទីក្រុង Kherson ភាគខាងត្បូង ដែលជាជ័យជម្នះដ៏ធំមួយសម្រាប់អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន