បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសម្រេចជាផ្លូវការហើយក្នុងការនាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល។
មិនមានការបង្ហាញជុំវិញព័ត៌មាននៃកិច្ចសន្យាខ្ចីនោះឡើយ តែសារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា Chelsea ត្រូវផ្តល់ប្រាក់ប្រមាណ ១០លានអឺរ៉ូទៅកាន់ Atletico Madrid ហើយក្លិបនៅទីក្រុងឡុងដ៍មួយនេះគឺជារ៉ាប់រងប្រាក់ឈ្នួលទាំងស្រុងរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានធ្លាក់មកក្រៅជម្រើសនៅ Atletico Madrid ប៉ុន្មានខែចុងក្រោយនេះ។ កីឡាករដែលទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិបតម្លៃ ១២០លានអឺរ៉ូរូបនេះបានមកដល់ Atletico Madrid នៅឆ្នាំ២០១៩ ដើម្បីបំពេញការចាកចេញរបស់ Antoine Griezmann នៅពេលនោះ។
យ៉ាងណាក្តី Felix មិនទាន់ឈានដល់កំរិតដែលក្លិបចប់បាននៅឡើយ ហើយទំនាក់ទំនងរបស់គេជាមួយអ្នកចាត់ការ Diego Simeone ត្រូវបានគេដឹងថាកំពុងបែកបាក់ប្រេះឆាផងដែរ។ បើតាមភ្នាក់ងាររបស់ Felix លោក Jorge Mendes ឱ្យដឹងថា Joao Felix ក៏កំពុងទទួលការចាប់អារម្មណ៍ពីក្លិបនៅ Premier League ផ្សេងទៀតរួមមាន Manchester United និង Arsenal ផងដែរ៕
អត្ថបទ៖នាង សុភាវុធ