រត់ប្រណាំង៖ អ្នករត់ចម្ងាយឆ្ងាយលោក គីម សារឿន ហៅ គីម កុក បានបង្ហាញសេចក្ដីរីករាយជាខ្លាំង បន្ទាប់ពីទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail ត្រឡប់មកវិញ ក្រោយខកខានអស់ ២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។
ការលើកឡើងនេះបន្ទាប់ពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រុមហ៊ុន Phoenix Voyages ត្រៀមរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ នៅតំបន់អង្គរ ខេត្តសៀមរាបនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ បុរសវ័យ ៥៤ឆ្នាំរូបនេះបានលើកឡើងថា អ្នកទេសចរណ៍កំពុងរង់ចាំការចេញដំណើរជុំវិញពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ហើយអ្នករត់ក៏ដូចគ្នា បន្ទាប់ពីជាប់គាំងជាង ២ឆ្នាំព្រោះជំងឺរាតត្បាតជាសកលនេះ។ ដូច្នេះលោកពិតជាមានមោទនភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសឡើងវិញ ធ្វើឲ្យសកម្មភាពជាច្រើនដំណើរការធម្មតាឡើងវិញ ជាក់ស្ដែងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail។ ជាមួយការរៀបចំឡើងវិញនៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គនេះ ស្ថាបនិកក្លិបដើរ និងរត់ដើម្បីសុខភាព KKRC ដដែលបន្ដថា លោករឹតតែរំភើបនៅពេលមានកំណើនអ្នកចូលរួមច្រើន ពិសេសក្រុមអ្នករត់ខ្មែរដែលកើនឡើងរហូតដល់ជិត ២០០នាក់ឯណោះ ក្នុងនោះក៏មានអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រជនជាតិខ្មែរចំនួន ១៥នាក់ផងដែរ។

ទន្ទឹមជាមួយគ្នាដែរ លោក គីម កុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនេះ ត្រូវឆ្លៀតពេលលេងកីឡា ពិសេសកីឡារត់ដើម្បីសុខភាព មិនថាចម្ងាយជិត ឬឆ្ងាយ ត្រូវព្យាយាម និងកុំបោះបង់ ដើម្បីទទួលបាននូវសុខភាពល្អផង និងបង្កើនទំនាក់ទំនងផង។ លោកសង្ឃឹមថា ឆ្នាំក្រោយៗនឹងមានអ្នកចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail កាន់តែច្រើនថែមទៀត។ គួរដឹងថា លោក គីម កុក គឺជាអ្នករត់ចម្ងាយឆ្ងាយរបស់កម្ពុជាមួយរូប ដែលតែងចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយៗ បែបផ្សព្វព្រេង និងឆ្លងកាត់ឧបសគ្គ ទាំងក្នុង និងក្រៅស្រុកជាច្រើន។ អ្វីដែលពិសេសគឺលោកបានបំបែកកំណត់ត្រារត់ឡើងដល់កំពូលភ្នំឱរ៉ាល់ ក្នុងល្បឿនដ៏លឿនជាងគេដោយប្រើថវិវេលា ២ម៉ោង ២៦នាទី និង ៨វិនាទី ពោលគឺបានបំបែកកំណត់ត្រាចាស់របស់បុរសជនជាតិអាមេរិកលោក Jacob Sims និងមិត្តភក្ដិជនជាតិអូស្ដ្រាលីលោក Julien Brewster ដែលធ្វើបានក្នុងថេរវេលា ២ម៉ោង ២៦នាទី និង ៣៦វិនាទី កាលពីជិត ១០ឆ្នាំមុន។ រីឯព្រឹត្តិការណ៍ Angkor Ultra Trail នាដើមខែក្រោយនេះ លោកនឹងចូលរួមលើវិញ្ញាសារត់ ១០០គីឡូម៉ែទ្រផងដែរ៕ អត្ថបទ៖ លី ឈុនឡា

