បាល់ទះ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំបារាំងនាពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនៅរាជធានីភ្នំពេញ។ នេះបើតាមការបង្ហើបរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីថ្មីៗ។
អគ្គលេខាធិការសហព័ន្ធដដែលបញ្ជាក់ថា នេះគឺជាជំនួបមិត្តភាពអន្ដរជាតិដ៏ធំមួយទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបក្រុមលំដាប់ចំណាត់ថ្នាក់លេខ៤ ពិភពលោក ទោះបីជាកម្រិតយុវជន U19 ក៏ដោយដើម្បីជាឱកាសវាស់ស្ទង់ និងបង្កើនគុណផលដល់កីឡាករកម្ពុជាត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។ ក្រៅពីការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ U19 បារាំង សហព័ន្ធក៏គ្រោងរៀបចំពានរង្វាន់លក្ខណៈមិត្តភាពមួយជាមួយក្រុមសិង្ហបុរី និងម៉ាឡេស៊ីដែលកំពុងស្នើសុំគោលការណ៍ និងការចេញទៅប្រកួតនៅបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយឆ្ពោះទៅប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាខែឧសភាខាងមុខផងដែរ។
សូមបញ្ជាក់ថា មុនឈានដល់ការប្រកួតមិត្តភាពអន្ដរជាតិជាមួយបារាំង ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក៏បានធ្វើការប្រកួតមិត្តភាពក្នុងដី ជាមួយក្រុមជម្រើសជាតិយុវជនគុយបាផងដែរកាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយបានយកឈ្នះក្រុមលំដាប់ចំណាត់ថ្នាក់លេខ១២ ពិភពលោកនេះក្នុងលទ្ធផល ៣-១សិត បន្ទាប់ពីក្រុមបាល់ទះកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកដំបូងនៅប្រទេសវៀតណាមកាលពីពេលកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា