អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយចំអកចំពោះការអះអាងរបស់រុស្ស៊ីថា បានចូលគ្រប់គ្រងផ្នែកខ្លះនៃទីក្រុង Soledar ភាគខាងកើតដោយនិយាយថា ការប្រយុទ្ធគ្នានៅតែបន្ត។ ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីរបស់ក្រុមហ៊ុន Wagner កាលពីថ្ងៃអង្គារបានអះអាងថា ខ្លួនដណ្តើមបានការគ្រប់គ្រងទាំងស្រុងលើទីក្រុង Soledar ប៉ុន្តែការប្រយុទ្ធនៅតែបន្តនៅទីក្រុងនេះ។

ទីក្រុង Soledar គឺជាទីក្រុងផលិតអំបិលមួយនៅជិតទីក្រុង Bakhmut ដែលជាការផ្តោតសំខាន់នៃការវាយលុករបស់រុស្ស៊ីក្នុងគោលបំណងដណ្តើមយកតំបន់ Donbas ទាំងមូលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Zelenskiy បាននិយាយនៅតាមវីដេអូមួយថា ពេលនេះរដ្ឋភេរវករ និងអ្នកឃោសនារបស់ខ្លួនកំពុងព្យាយាមនិយាយបំផ្លើសថា ផ្នែកខ្លះនៃទីក្រុង Soledar របស់យើងគឺជាផ្នែកមួយចំនួនរបស់រុស្ស៊ី ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្ត។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញសង្គម Facebook ផ្នែកសេនាធិការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា រុស្សីកំពុងទទួលរងការបាត់បង់ច្រើន ខណៈពួកគេព្យាយាមដណ្តើមយកទីក្រុង Soledar និងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សម្រាប់អង្គភាពដែលគាំទ្រក្រុងគីវ។
ទន្ទឹមនឹងនេះទាហានអ៊ុយក្រែនបានបាញ់កាំភ្លើងធំ PzH 2000 ដែលផលិតដោយអាល្លឺម៉ង់នៅទីតាំងរបស់រុស្ស៊ីជាច្រើនកាលពីថ្ងៃពុធនៅជិតទីក្រុង Soledar។ ទោះបីជាមានកំហុសបច្ចេកទេសមួយចំនួនក៏ដោយ ក្រុមទាហានបានពេញចិត្តនឹងកាំភ្លើងធំ PzH 2000។ នៅពេលដែលកាំភ្លើងស្វ័យប្រវត្តិដំណើរការអត្រាបាញ់គឺមិនគួរឱ្យជឿ។ វាបាញ់បានយ៉ាងលឿន វាបាញ់បានចំគោលដៅ។ ប្រសិនបើអ្នកធ្វើអ្វីគ្រប់យ៉ាងបានត្រឹមត្រូវ នោះវានឹងបាញ់បានចំគោលដៅមិនគួរឱ្យជឿ។ មេបញ្ជាការរុស្ស៊ីបានដាក់គោលដៅលើទីក្រុង Soledar ជាទីតាំងមួយដើម្បីវាយប្រហារទីក្រុង Bakhmut នៅក្បែរនោះដែលបានផ្អាកអស់រយៈពេលជាច្រើនខែ៕
អត្ថបទ៖ ប៊ុនថន