ភ្នំពេញ៖ ប្រទេសន័រវែស តាមរយៈអង្គការជំនួយ នៃប្រជាពលរដ្ឋន័រវែស (NPA) បានផ្ដល់ជំនួយ ដល់អាជ្ញាធរមីនប្រមាណជិត ២០ម៉ឺនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងសកម្ម ភាពមីននៅកម្ពុជា ។
ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា លើគម្រោងអភិវឌ្ឍន៍សមត្ថភាព ក្នុងសកម្មភាពមីន រវាងអាជ្ញាធរមីន និងអង្គការ NPA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា MOU នេះគ្របដណ្តប់លើការអនុវត្តសកម្មភាពធំៗចំនួន៣៖ ទី១. សមត្ថភាពរបស់អង្គភាពទិន្នន័យ, ២. សមត្ថភាពរបស់ក្រុមត្រួតពិនិត្យគុណភាព និងទី៣. សមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្ត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា គម្រោងនេះ នឹងជួយជំរុញបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាព របស់ស្ថាប័នអាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា ហើយ សូមថ្លែងអំណរគុណចំពោះ NPA សម្រាប់ការគាំទ្រដល់គម្រោងនេះ ។
ជាមួយនេះ ឯកឧត្តម លី ធុជ បានចាត់ទុកអង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងគាំទ្រដល់សមត្ថភាពចាំបាច់ របស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៤ ការគាំទ្រនេះ អាចធ្វើទៅបានតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរស របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស-បរទេស Commonwealth & Development ការិយាល័យ (FCDO) និងក្រសួងការបរទេសន័រវែស (NMFA) តាមរយៈអង្គការ NPA Cambodia ក្នុងគោលបំណងធានាថា អាជ្ញាធរមីន មានសមត្ថភាព និងរឹងមាំក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្ត របស់អង្គការ NPA ក្នុងការបន្តខិតខំធ្វើឱ្យប្រទេសកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ និងកាត់បន្ថយផលប៉ះពាល់ នៃគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម ។ ការប្តេជ្ញាចិត្តនេះ ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន ឲ្យអស់ពីកម្ពុជា ឆ្នាំ២០២៥ ដូចដែលបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលថ្មីៗនេះ ៕ អត្ថបទ បាន សុខរិទ្ធិ






