ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា នៅមានផ្ទៃដីចម្ការមីន ចំនួន៦៤៨គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសម្អាត ឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។ កងកម្លាំងមួកខៀវ នឹងចូលរួមជាមួយប្រតិបត្តិករផ្សេងៗទៀត អនុវត្តការបោសសម្អាតចម្ការមីនឲ្យទាន់តាមផែនការ បើទោះជាជួបឧបសគ្គខ្លះៗក្ដី ។
ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានប្រតិបត្តិករបោសសម្អាតមីន បានឱ្យដឹងថា មានឧបសគ្គធំៗ ក្នុងប្រតិបត្តិការបោសសម្អាតមីន ក្នុងនោះមាន បញ្ហាព្រៃក្រាស់ បញ្ហារដូវវស្សាមានភ្លៀងធ្លាក់ច្រើន បានបង្អាក់ពេលវេលា ក្នុងការអនុវត្តការងារ ភូមិសាស្ត្រតំបន់អូរ និងចម្ការនៅលើភ្នំជាដើម ។
ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ទោះជួបបញ្ហាឧបសគ្គទាំងអស់នេះ ប៉ុន្តែកងកម្លាំងបោសសម្អាត មានវិធីសាស្ត្រក្នុងការដោះស្រាយ ហើយអនុវត្តទៅដោយរលូន ហើយកម្លាំងមួកខៀវ នឹងខិតខំប្រឹងប្រែង ធ្វើឲ្យទាន់សម្រេចតាមផែនការ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការពន្លឿនការបោសសម្អាតមីន ឲ្យកើនទ្វេដង គឺចាប់ពីឆ្នាំ២០២៣ អាជ្ញាធរមីន បានបង្កើនកម្លាំងបោសសម្អាត រួមទាំងបំពាក់នូវសម្ភារទំនើបៗ និងថ្មីៗដល់ប្រតិបត្តិករទាំងអស់ ។
គួរបញ្ជាក់ជា ដើម្បីអនុវត្តការងារបោសសម្អាតមីនឲ្យទាន់តាមផែនការនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញនូវថវិកាសន្សំប្រមាណ ៣០លានដុល្លារ រួមទាំងអំពាវនាវដល់ ដៃគូអន្តរជាតិ និងសប្បុរសជននានា ផ្ដល់ជំនួយសម្ភារ ឬថវិកា ដើម្បីអនុវត្តការងារនេះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ