បាល់ទាត់៖ ក្រុមជើងឯក La Liga, Real Madrid បានយកឈ្នះ Valencia ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អេស្ប៉ាញ Super Cup ដែលធ្វើឡើងនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

គ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធបារាំង Karim Benzema បានធ្វើឱ្យ Real Madrid នាំមុខមុននៅកីឡដ្ឋាន King Fahd មុនពេលដែល Samuel Lino តាមស្មើវិញឱ្យ Valencia នៅវគ្គទី២។ បញ្ចប់ ៩០នាទីក្រុមទាំងពីរនៅតែស្មើគ្នា ១-១ និងបន្ថែម ១៥នាទីពីរដងទៀតនៅតែស្មើ។ ឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តី Real Madrid បានយកឈ្នះដោយលទ្ធផល ៤-៣ បន្ទាប់ពីកីឡាករពីររូបរបស់ Valencia ស៊ុតមិនចូល។

ជ័យជំនះនេះធ្វើឱ្យ Real Madrid ឡើងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ រង់ចាំជួបជាមួយក្រុមឈ្នះរវាង Real Betis និង Barcelona ដែលជួបគ្នារាត្រីនេះ។ សូមបញ្ជាក់ថា នេះជាឆ្នាំទី៤ ហើយដែលពានអេស្ប៉ាញ Super Cup ត្រូវបានរៀបចំក្នុងទំរង់ ៤ក្រុម និងជាឆ្នាំទី៣ ដែលរៀបចំនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ