ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៣សម័យ Mark Williams បានបន្តដំណើរឡើងជុំទី២ ហើយក្រោយជ័យជំនះលើកីឡាករចំនូលថ្មី Sam Craigie ១០-៤ហ្វ្រេម។

កីឡាករវ័យ ៤៦ឆ្នាំ Mark Williams ចាប់ផ្ដើមដំបូងមិនបានល្អដោយត្រូវបាន Sam Craigie ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកនេះជាលើកដំបូងនាំមុខ ២ហ្វ្រេម មុនពេលដែល Williams វាយបករហូតនាំមុខ ៥-៤ ក្នុងដំណាក់កាលដំបូង។ មិនមានអ្វីតបទេសំរាប់កីឡាករវ័យ ២៧ឆ្នាំ Sam Craigie ពោលគឺកីឡាករជើងចាស់ Mark Williams បានយកឈ្នះ ៥ហ្វ្រេមផ្ទួនៗក្នុងជ័យជំនះ ១០-៤ហ្វ្រេមនោះ។ ជ័យជំនះធ្វើអោយកីឡាករជើងចាស់ Mark Williams ឡើងជួបជើងចាស់ John Higgins នៅជុំទី២។
ចំណែកឯកីឡាករលំដាប់លេខ ១ ពិភពលោក Judd Trump ក៏គ្មានបញ្ហាដែរដោយបានយកឈ្នះកីឡាករដែលឡើងមកពីវគ្គជំរុះ Liam Highfield លទ្ធផល ១០-៤ហ្វ្រេមផងដែរ។ ជើងឯកពិភពលោកឆ្នាំ២០១៩ បាននាំមុខ ៧-២ហ្វ្រេម និងមិនធ្វើអោយគូប្រកួតដេញប្រកៀកប្រកិតឡើយ។ ជ័យជំនះនេះធ្វើអោយ Judd Trump ឡើងជុំបន្តទៀតដោយត្រូវជួបជាមួយ Dave Gilbert នៅជុំទី២ វគ្គ ១៦នាក់ចុងក្រោយ។ ជ័យជំនះរបស់ Judd Trump នៅជុំដំបូងនេះក៏បានធានាតំណែងលេខ ១ របស់ខ្លួនពេញមួយរដូវកាលនេះដែរ មិនថា Judd Trump ចាញ់នៅវគ្គណានៃជើងឯកពិភពលោកនេះឡើយ៕
អត្ថបទ៖នាង សុភាវុធ