បាល់ទាត់៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង FFF លោក Noel le Graet នឹងឈរក្រៅតំណែងរហូតដល់ការស៊ើបអង្កេតលើការអះអាងពីការបៀតបៀនផ្លូវភេទ និងគំរាមកំហែងនៅក្នុងសហព័ន្ធបានបិទបញ្ចប់។
រដ្ឋាភិបាលបារាំងបានចាប់ផ្តើមធ្វើសវនកម្មកាលពីខែតុលា បន្ទាប់ពីបានដឹងអំពីការចោទប្រកាន់នេះដែល FFF បដិសេធ។ Le Graet ធ្លាប់ប្រឈមមុខនឹងការអះអាងពីការបៀតបៀនផ្លូវភេទ ដែលគាត់ធ្លាប់បានបដិសេធ។ ការសម្រេចចិត្តចាកចេញរបស់លោកក៏កើតមានឡើង បន្ទាប់ពីមានការអំពាវនាវឲ្យលោកលាលែងពីតំណែង ក្រោយប្រើពាក្យគ្មានគុណធម៌លើ Zinedine Zidane។ Le Graet អាយុ ៨១ឆ្នាំបាននិយាយថា គាត់នឹងមិនទទួលយកការពិចារណាឡើយ ប្រសិន Zidane ចង់ក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំង។
ប្រធានគណៈកម្មាធិការសីលធម៌របស់ FFF លោក Patrick Anton បានអំពាវនាវឱ្យ Le Graet លាលែងពីតំណែងកាលពីថ្ងៃអង្គារ ខណៈដែលខ្សែប្រយុទ្ធបារាំង Kylian Mbappe និងរដ្ឋមន្ត្រីកីឡា Amelie Oudea-Castera បានចោទប្រកាន់ថា ការប្រើពាក្យបែបនេះគឺខ្វះការគោរពចំពោះ Zidane ដែលជាបុគ្គលមានស្នាដៃរបស់ជាតិម្នាក់លើវិស័យបាល់ទាត់នេះ។ Le Graet បានចូលកាន់តំណែងក្នុងឆ្នាំ២០១១ ហើយមានអាណត្តិបន្តតួនាទីរបស់គាត់រហូតដល់ឆ្នាំ២០២៤។ សេចក្ដីថ្លែងការណ៍របស់ FFF បាននិយាយថា Le Graet បានយល់ព្រមជាមួយគណៈកម្មាធិការប្រតិបត្តិរបស់ស្ថាប័ន ដើម្បីឈរក្រៅតំណែងនៅកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃពុធ រហូតដល់ចុងបញ្ចប់នៃការស៊ើបអង្កេត ខណៈលទ្ធផលនៃសវនកម្មត្រូវបានរំពឹងទុកនៅចុងខែនេះ៕
អត្ថបទ៖នាង សុភាវុធ