អ៊ុយក្រែន៖ ស្នងការសិទ្ធិមនុស្សអ៊ុយក្រែនលោក Dmytro Lubinets បាននិយាយកាលពីថ្ងៃពុធថា គ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានចុះហត្ថលេខាឡើយ បន្ទាប់ពីជំនួបជាមួយសមភាគីរុស្ស៊ីលោកស្រី Tatyana Moskalkova នៅរដ្ឋធានី Ankara ប្រទេសទួរគី។
លោក Lubinets បាននិយាយថា កិច្ចពិភាក្សាបាននាំឱ្យមានកិច្ចព្រមព្រៀងមួយ ស្តីពីការដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ៤០នាក់ ជាផ្នែកនៃការរៀបចំដ៏ទូលំទូលាយដែលភាគីទាំង២ បានដោះដូរឈ្លើយសឹកជាទៀងទាត់។ លោក Lubinets និយាយថា ភាគីអ៊ុយក្រែនបានបញ្ចេញមតិក្នុងចំណោមបញ្ហាផ្សេងៗ រួមទាំងការព្រួយបារម្ភរបស់ខ្លួនលើការចោទប្រកាន់របស់រុស្ស៊ី ចំពោះការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងការប្រព្រឹត្តលើឈ្លើយសឹកសង្គ្រាមរបស់ភាគីអ៊ុយក្រែន។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះដូរឈ្លើយសឹកជាច្រើនមកហើយ។ សារព័ត៌មាន RIA បានរាយការណ៍ថា លោកស្រី Moskalkova បាននិយាយថា បទឈប់បាញ់គឺជាការចាំបាច់ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ហើយលោកស្រីបានស្នើឱ្យទួរគីដែលជាសមាជិកសម្ព័ន្ធយោធា NATO បញ្ឈប់ការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន។
ខណៈលោកស្រី Moskalkova និងលោក Lubinets បានជួបគ្នាក្នុងទីក្រុងអង់ការ៉ា ការប្រយុទ្ធដ៏ខ្លាំងមួយកំពុងផ្ទុះឡើងនៅទីក្រុងតូចមួយគឺទីក្រុង Soledar នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ជំនួបនៅទីក្រុងអង់ការ៉ាប្រទេសទួរគីក្នុងសប្តាហ៍នេះគឺដើម្បីពិភាក្សាអំពីបញ្ហាមនុស្សធម៌ រួមទាំងការបង្កើតច្រករបៀងមនុស្សធម៌។ ភាគីនានានឹងព្យាយាមដាក់ចេញនូវផែនទីបង្ហាញផ្លូវស្តីពីសិទ្ធិកុមារ សិទ្ធិមនុស្ស និងការដោះដូរឈ្លើយសឹក៕
អត្ថបទ៖ ប៊ុនថន