
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើគ្រប់ក្រសួង-ស្ថាប័នទាំងអស់ត្រូវតែមានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាន៍ ជាមួយអ្នកសារព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ហាញពីកិច្ចការងារ និងការអភិវឌ្ឍរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រ នយោបាយព័ត៌មាន» រៀបចំឡើងដោយ ក្រសួងមហាផ្ទៃ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ថា ប្រធានស្ថាប័ននីមួយៗ ត្រូវមានកិច្ចការងារជាច្រើន ដូច្នេះ មានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។
ឯកឧត្ដមបញ្ជាក់ថា «សូមមេត្តា គឺត្រូវតែរៀបចំគ្រប់ស្ថាប័ន្ធទាំងអស់ គឺត្រូវតែមានមន្ដ្រីព័ត៌មាន ហើយកន្លង មកនេះ នៅតាមខេត្តគឺយកអភិបាលរងខេត្ត កាលពីមុន យើងឱ្យតែមន្ទីរព័ត៌មាន ប៉ុន្ដែក្រោយមកដល់អភិបាលរងខេត្តវិញ»។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់បណ្តាអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយ នៅរឿងដែលកើតឡើង ពិតជាក់ស្តែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់គ្រប់ក្រសួង-ស្ថានប័ន ត្រូវធ្វើការបកស្រាយស្រប តាមវិជ្ជាជីវៈជាមួយអ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន»ដែល នឹងប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍ នយោបាយព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែង របស់រដ្ឋបាល រាជធានី-ខេត្ត និងជំរុញការផ្តល់ សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធ ៕ ដោយ ៖ ដារា