ភ្នំពេញ ៖ ថវិកាជាងម្ភៃម៉ឺនដុល្លារត្រូវរដ្ឋាភិបាលជប៉ុនផ្ដល់ជូនកម្ពុជា លើគម្រោងទឹកស្អាតនៅខេត្តសៀមរាប នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ជាថវិកាសរុបចំនួន ២០៤,៦៣៧ ដុល្លារ សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។
នៅថ្ងៃទី១២ ខែមករា លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្ត ម ឯក សុនចាន់ តំណាងស្ថាប័នទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនោះ៕ ដោយ៖ គង់ ឌិន






