ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូ ការិយាល័យក្រសួងការបរទេសសហរដ្ឋអាមេរិក (The US State Department's Office of the Global AIDS Coordinator, SGAC), នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ក្នុងឆន្ទៈមោះមុតឆ្ពោះទៅបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំ គោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយមានសមាសភាពពីចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ជាទីប្រឹក្សា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា កិច្ចការដែលជាអាទិភាពមួយទៀត គឺការកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ ដែលកំពុងកើនឡើងក្នុងចំណោមប្រជាជនគន្លឹះវ័យក្មេង (Young Key Populations) រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមស្រ្តីបម្រើក្នុងសេវាកំសាន្ត ក្រុមប្រើប្រាស់គ្រឿងញៀន។ រាជរដ្ឋាភិបាល បានបង្កើនថវិកាជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃថវិកាជំនួយពីខាងក្រៅ លើការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។ ចាប់ពីឆ្នាំ២០២៣-២០២៥ រាជរដ្ឋាភិបាលបានអនុម័តផ្តល់ថវិកាបន្ថែមចំនួន៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការងារអេដស៍ នៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា