ភ្នំពេញ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមករានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកដំណើរការស៊ើបអង្កេតករណី លោក គង់ គាំ ដែលបានធ្វើឯកសារបន្លំយកដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ។
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់BTV នៅព្រឹកថ្ងៃទី ១២ ខែមករានេះថា នៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននឹងកំពុងធ្វើការងារស៊ើបអង្កេតលើ ករណីសំណុំរឿងរបស់លោក គង់ គាំ ជុំវិញភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើបណ្ណសម្គាល់សិទ្ធិកម្ម សិទ្ធិ លើដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ។
តាមការបញ្ជាក់ពីឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកដល់ពេលនេះ អង្គភាព បានរៀបចំក្រុមការងារមួយហើយ ដើម្បីស៊ើបអង្កេតស្រាវជ្រាវករណីនេះ ៕អត្ថបទ៖ ស៊ុម សុខជា
