ព្រះសីហនុ៖ ពិរុទ្ធជនក្នុងពន្ធនាការខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមករានេះ បន្តទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ និងទី៦ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងពេលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅសាលាមត្តេយ្យក្រុងព្រះសីហនុ និងពន្ធនាគារខេត្តព្រះសីហនុ នាថ្ងៃទី១២ខែមករានេះ លោកឧត្តមអគានុរក្សថ្នាក់ទី២ ម៉ឺ ឌឿន ប្រធានពន្ធនាគារខេត្តគារខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្នជនឃុំឃាំងក្នុងពន្ធនាគារជាង ២ពាន់នាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញជាបន្ត ជាពិសេសជំរុញទី៥ និងទី៦ ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) បានលើកឡើងដែរថា ការចាក់វ៉ាក់សាំងកូវីដនៅប្រទេសកម្ពុជា គឺមិនប្រកាន់និន្នាការណានោះទេ ពោលឱ្យតែប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា គឺអាចទទួលបានការចាក់វ៉ា់ក់សាំងបានគ្រប់ៗគ្នា ហើយក្នុងនោះពិរុទ្ធជនក្នុងពន្ធនាគារក៏ទទួលបានការចាក់វ៉ាក់សាំងកូវីដផងដែរ។
ក្រៅពីនេះ លោកជំទាវបានលើកឡើងពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសុខភាពពិរុទ្ធជនក្នុងពន្ធនារគារ ។
បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ-១៩៕ អត្ថបទ៖ទូច សោភ័ណ