ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស បានចំនួនជាង ១០៦លានដុល្លារ ក្នុងយន្តនាការប្រមូលពន្ធអាកររយៈពេលជាងមួយឆ្នាំមកនេះ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា គិតចាប់ពីការអនុវត្តលើភារកិច្ចរបស់គយក្នុងការប្រមូលចំណូលពន្ធអាករ នៅដើមខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ឃើញមានម្ចាស់រថយន្តទាំងចង្កូតឆ្វេង និងស្តាំ ចូលមកចុះបញ្ជីនិងបង់ពន្ធអាករសរុបចំនួន ១៨ ១០៤គ្រឿង គិតជាទឹកប្រាក់ចំនួនជាង ១០៦លានដុល្លារ។
ឯកឧត្តម បានឲ្យដឹងទៀតថា យោងតាមទិន្នន័យ រថយន្តនៅសេសសល់ដែលមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច មានចំនួនជិត ២ពាន់គឿង។
ឯកឧត្តម បានអះអាងទៀតថា ការអនុវត្តគោលការណ៍ក្នុងការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ត្រូវបានបិទបញ្ចប់ក្នុងពេលនេះហើយ ពោលលែងមានការយោគយល់ និងអនុគ្រោះបន្តទៀតហើយ។
ទន្ទឹមនឹងនេះអគ្គនាយកនៃអគ្គនាយកដ្ឋានគយ នឹងបង្កើនការបង្ក្រាបដូចភ្លៀងរលឹម លើរថយន្តគ្មានពន្ធ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់លើការនាំចូលរថយន្តខុសច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី



