
ភ្នំបេញ៖ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងលោក គង់ មុនីកា ជាកូនប្រុស បានដាក់លិខិតពីរ ដាច់ដោយឡែកពីគ្នា ដើម្បីស្នើសុំចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីសម្តេចតេជោស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យស្រាវជ្រាវលើបុគ្គលនេះ អំពីភាពមិនប្រក្រតីពាក់ព័ន្ធករណីលួចបន្លំធ្វើបណ្ណសម្គាល់កម្មសិទ្ធិលើដី និងផ្ទះដែលជាទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស យកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លិខិតដែល BTV ទទួលបាននាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានសរសេរថា « ខ្ញុំបាទគង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឱ្យខ្ញុំបា ទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបញ្ហាធំៗពីរ ដែលជាផលវិបាកដ៏ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។ បញ្ហាទាំងពីរនោះមាន៖
១-បណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាពវឹក វរ ចលាចល អសន្តិសុខសង្គម ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ។
២-បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខ្ញុំបាទ និងគ្រួសារកំពុងស្នាក់នៅ។
លិខិតរបស់លោក គង់ គាំ ដដែលបន្តថា បញ្ហាដូចបានជម្រាបជូនទាំងនេះ «ខ្ញុំបាទសូមសម្តេចអគ្គម ហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រី មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួប ដើម្បីសូមសម្តេចផ្ដល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុត ចំពោះបញ្ហាទាំងនេះដោយក្តីអនុ គ្រោះ»។
ដោយឡែកលិខិតរបស់លោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ ក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំបាទ គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងស្តាប់ការណែនាំអំពីបរិយាកាស និងដំណើរនយោបាយជាវិជ្ជ មាន នៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
អាស្រ័យដូចបានគោរពជម្រាបជូន ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រ ជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួប ដើម្បីសូមសម្ដេចផ្តល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ដោយក្តីអនុគ្រោះ»៕ អត្ថបទ៖ បាន ចក់

