កោះកុង ៖ អាជ្ញាធរ មន្រ្តីសុខាភិបាល និងកម្លាំងសមត្ថកិច្ចស្រុកគិរីសាគរ ខេត្តកោះកុង បានហាមប្រាមដាច់ខាតចំពោះក្រុមអ្នកនេសាទចំនួន១៤នាក់ ឡើងលើភូមិកោះស្តេច គ្រាពួកគេត្រូវបានដាក់ការសង្ស័យទើបតែមកពីប្រទេសថៃ។
ទូកចំនួន២គ្រឿង និងអ្នកនេសាទចំនួន១៤នាក់ កំពុងដាក់សង្ស័យថា ពួកគេបានធ្វើដំណើរតាមព្រំដែនផ្លូវទឹកមកពីប្រទេសថៃ កាលពីម៉ោង៧ព្រឹកថ្ងៃទី២១ មេសានេះ ទោះបីជាជាពលរដ្ឋរស់នៅក្នុងភូមិស្តេចកោះក៏ដោយ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចតម្រូវអនុវត្តសុខាភិបាលទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍។
លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ២០២១ នេះថា មកទល់ម៉ោងនេះ អាជ្ញាធររបស់លោកដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកបញ្ជាប្រាប់ពួកគេចតទូកមុខកោះស្តេចបណ្តោះអាសន្ន មិនឱ្យចូលចំណតកំពុងផែឡើងលើគោកដាច់ខាត។ ពោលគឺរង់ចាំថ្ងៃស្អែក មានក្រុមការងារខេត្តចុះមកយកសំណាកធ្វើតេស្តរកវីរុសកូវីឌ១៩៕



