ចិន៖ សភាពាណិជ្ជកម្មអឺរ៉ុបនាំមុខគេចំនួន២ បានអំពាវនាវឲ្យប្រទេសចិនកុំដាក់កំហិតលើការធ្វើដំណើរថ្មី បន្ទាប់ពីខ្លួនបានផ្អាកការចេញទិដ្ឋាការសម្រាប់ភ្ញៀវមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

សភាពាណិជ្ជកម្មអឺរ៉ុបក្នុងប្រទេសចិនបាននិយាយថា ពួកគេមានការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការផ្អាកដំណើរការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ប្រទេសមួយចំនួន និងការព្រមានរបស់ខ្លួនអំពីវិធានការសងសឹក ប្រឆាំងនឹងបណ្ដាប្រទេសដែលបានដាក់កំហិតលើអ្នកដំណើរចិន ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19។ សភានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនត្រឹមតែហានិភ័យ "ការព្យួរទិដ្ឋាការ" នេះនាំឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង និងការធ្លាក់ចុះទំនុកចិត្តអាជីវកម្មប៉ុណ្ណោះទេ វាក៏មានហានិភ័យផងដែរក្នុងការរារាំងប្រទេសចិន ពីការបង្ហាញនូវអ្វីដែលខ្លួនមានផ្តល់ជូនទាំងស្រុង ជាអ្វីដែលមិនអាចទៅរួចក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដោយសារតែការរឹតបន្តឹងការធ្វើដំណើរដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។
សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលបានដាក់វិធានការរឹតត្បិតលើការមកដល់របស់អ្នកដំណើរពីប្រទេសចិន ដូចជាការតម្រូវឲ្យមានលទ្ធផលតេស្តអវិជ្ជមានវីរុស Covid-19 មុនការចេញដំណើរ ការធ្វើតេស្តពេលទៅដល់ ឬការរឹតត្បិតជើងហោះហើរជាដើម៕
អត្ថបទ៖ សុខមាន