បាល់ទាត់៖ ជាថ្ងៃស៊យសម្រាប់ខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix តែទើបផ្លាស់មកកាន់តោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីពី Atletico Madrid ថ្មីៗ និងបានចូលលេងប្រកួតដំបូងយប់មិញនេះ ក៏ទទួលបានកាតក្រហមស្របពេល Chelsea ចាញ់នៅទឹកដី Fulham។

អតីតខ្សែបម្រើ Chelsea កីឡាករប្រេស៊ីល Willian ជាអ្នកបើកការនាំមុខមុនឱ្យ Fulham នៅនាទីទី២៥ តែខ្សែការពារ Kalidou Koulibaly ជាអ្នកតាមស្មើវិញឱ្យ Chelsea នៅនាទីទី៤៧ ដើមវគ្គទី២។ បន្ទាប់មក Joao Felix ដែលផ្លាស់មកកាន់ Chelsea ក្នុងតម្លៃ ៩.៧លានផោនក្រោមលក្ខខណ្ឌខ្ចីដល់ចប់រដូវកាលនោះ បែជាទទួលបានកាតក្រហមក្នុងប្រកួតដំបូងរបស់ខ្លួននៅពេលធ្វើឱ្យមានកំហុសលើខ្សែការពារ Fulham, Kenny Tete នៅនាទីទី៥៨ មានន័យថា Felix នឹងត្រូវជាប់ពិន័យ ៣ប្រកួត។

Fulham ក្រោយមកក៏រកបានគ្រាប់ជ័យជំនះរបស់ខ្លួននៅនាទីទី៧៣ ដោយ Carlos Vinicius និងជាបីពិន្ទុដ៏មានសារសំខាន់ដែលធ្វើឱ្យក្រុមរបស់លោក Marco Silva ឡើងមកឈរលេខ ៦ ក្នុងតារាង។ ប្រកួតបន្ទាប់របស់ក្រុមទាំងពីរគឺនៅថ្ងៃអាទិត្យខាងមុខនេះគឺ Fulham ទៅផ្ទះ Newcastle ខណៈ Chelsea ទទួល Crystal Palace៕
អត្ថបទ៖នាង សុភាវុធ