ជប៉ុន៖ ប្រទេសជប៉ុននៅតែឈរនៅលើកំពូលតារាង នៃចំណាត់ថ្នាក់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនាពេលថ្មីៗនេះ ដោយសិង្ហបុរី និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២។

Henley and Partners ដែលជាក្រុមហ៊ុនតាមដានចំណាត់ថ្នាក់នេះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា នៅក្នុងចំណាត់ថ្នាក់សន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយរបស់ Henley ប្រទេសជប៉ុនទទួលបានពិន្ទុសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការចំនួន ១៩៣គោលដៅ ដែលមានន័យថា អ្នកកាន់លិខិតឆ្លងដែនជប៉ុនអាចធ្វើដំណើរទៅកាន់គោលដៅ ១៩៣ ក្នុងចំណោម ២២៧គោលដៅដោយមិនចាំបាច់មានទិដ្ឋាការ។ ចំនួននេះគឺប្រហែល ៨៥% នៃពិភពលោកទាំងមូល។ ក្រុមហ៊ុនបានពន្យល់ថា សន្ទស្សន៍លិខិតឆ្លងដែនរបស់ខ្លួនគឺជាប្រភេទតែមួយគត់របស់ខ្លួន ដោយផ្អែកលើទិន្នន័យផ្តាច់មុខពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ដែលជាសមាគមពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាង ២៩០ ជុំវិញពិភពលោក។
ប្រទេសសិង្ហបុរីដែលបានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយប្រទេសជប៉ុនកាលពីឆ្នាំមុនបានធ្លាក់មកនៅលេខ២ វិញនៅឆ្នាំ២០២៣ នេះ។ ទាំងសិង្ហបុរី និងកូរ៉េខាងត្បូងទទួលបានពិន្ទុការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ ១៩២គោលដៅ ខណៈអាល្លឺម៉ង់ និងអេស្ប៉ាញឈរនៅលេខរៀងទី៣ ដោយមានពិន្ទុសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់គោលដៅចំនួន ១៩០។ ឈរនៅលេខរៀងទី៤ គឺហ្វាំងឡង់ អ៊ីតាលី និងលុចហ្សំបួរទទួលបានពិន្ទុ ១៩៨។ អូទ្រីស ដាណឺម៉ាក ហូឡង់ និងស៊ុយអែតទទួលបានពិន្ទុ ១៨៨ ដោយដាក់បណ្ដាប្រទេសនៅអឺរ៉ុបនៅលេខ៥។ បារាំង អៀរឡង់ ព័រទុយហ្គាល់ និងចក្រភពអង់គ្លេសឈរនៅលេខរៀងទី៦ បានស្មើដោយមានពិន្ទុ ១៨៧។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកឈរនៅលេខ៧ រួមជាមួយនឹងប្រទេសនូវែលសេឡង់ និងបណ្តាប្រទេសនៅអឺរ៉ុបដូចជា បែលហ្ស៊ិក សាធារណរដ្ឋឆែក ន័រវេស និងស្វីស៕
អត្ថបទ៖ សុខមាន