ភ្នំពេញ៖ ត្រីរាជដែលកំពុងរងគ្រោះជិតផុតពូជចំនួន ២ក្បាល រួមជាមួយត្រីគល់រាំង និងត្រីប្រាធំ ប្រមាណ ៥ពាន់ក្បាល នឹងត្រូវព្រលែងនៅចំណុចប្រសព្វ នៃទន្លេសាប និងទន្លេមេគង្គ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។
កម្មវិធីនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ហាញ់ ង្វៀន នាយិកាស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ និងលោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយ USAID។
តាមរយៈការរៀបចំកម្មវិធីថ្ងៃនេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការណ៍នេះនឹងនាំឱ្យមានសកម្មភាព អភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់សហគមន៍ដែលរស់នៅតាមដងទន្លេសាប និងទន្លេមេគង្គ ខណៈស្ថានភាពគួរឱ្យបារម្ភនៃប្រភេទសត្វជិតផុតពូជត្រីទាំងនេះ បានថយចុះរហូតដល់ ៩៩ភាគរយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។









