បាល់ទាត់៖ ក្រុមបាល់ទាត់ធនាគារជាតិនៃកម្ពុជា និងក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចែកគ្នា ១ពិន្ទុម្នាក់ក្រោយប្រកួតស្មើគ្នា ៣-៣ ក្នុងការប្រកួតដំបូងនៃពានរង្វាន់ “មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន” លើកទី៨ ឆ្នាំ២០២២-២០២៣ ពូល F។

ការប្រកួតនៅទីលាន The Blue Sports Arena នេះ ក្រុមធនាគារជាតិនៃកម្ពុជាបាននាំមុខ ១គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ មាស មាននិស្ស័ត នៅនាទី១៨ មុនបន្ថែមគ្រាប់ទី២ ដោយកីឡាករ យិន សុខៃ នៅនាទី៥១ ។ បន្ទាប់មកក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានវាយបកតាមស្មើភ្លាមៗដោយចំណាយពេលត្រឹម ៤នាទីរកបាន ២គ្រាប់ ដោយកីឡាករ ស្វាយ សុខរតនា និងកីឡាករ គីម ផល្លា នៅនាទី៦០ និងនាទី៦៣។ យ៉ាងណាក្ដី ៤នាទីក្រោយមកក្រុមធនាគារជាតិនៃកម្ពុជា បានរកបានគ្រាប់នាំមុខជាថ្មីដោយកីឡាករ រដ្ឋា ធាណុច នៅនាទី៦៧ តែការនាំមុខនេះមិនទាន់បានស្រួលបួលផង កីឡាករ គីម ផល្លា ក៏បានគ្រាប់តាមស្មើ ៣-៣ វិញនៅនាទី៧០ ហើយក៏បានរក្សាលទ្ធផលនេះដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្រុមទាំងពីរឈរលេខ២ និងលេខ៣ ក្នុងពូល F ជាបណ្ដោះអាសន្នតាមពីក្រុមក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមាន ៣ពិន្ទុពេញ ក្រោយយកឈ្នះការប្រកួតដំបូងលើក្រុមសាលាដំបូងរាជធានីភ្នំពេញ ៤-២ កាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា