អ៊ុយក្រែន៖ អ៊ុយក្រែននិយាយថា ជនស៊ីវិលរាប់រយនាក់នៅតែជាប់ក្នុងទីក្រុង Soledar ខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្ត ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងផលិតអំបិលដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។

លោក Pavlo Kyrylenko អភិបាលតំបន់ Donetsk បានប្រាប់ទូរទស្សន៍រដ្ឋអ៊ុយក្រែនថា ជនស៊ីវិលចំនួន ៥៥៩នាក់រួមទាំងកុមារ ១៥នាក់នៅតែជាប់ក្នុងទីក្រុង Soledar នៅឡើយ និងមិនអាចជម្លៀសចេញបានទេ។ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានរបស់ខ្លួនកំពុងទប់ទល់បាន ខណៈការវាយប្រយុទ្ធគ្នានៅយ៉ាងក្ដៅគគុកនៅតែបន្តក្នុងទីក្រុង Soledar ដោយច្រានចោលការអះអាងដោយក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីដែលថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមគ្រប់គ្រងទីក្រុងនេះហើយ។
មន្ត្រីជាន់ខ្ពស់ការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងបញ្ជូនកងទ័ពបន្ថែមទៀតទៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ខណៈកងកម្លាំងរបស់ទីក្រុង Moscow ព្យាយាមវាយដណ្ដើមយកទីក្រុងផលិតអំបិលតូចមួយនេះ៕
អត្ថបទ៖ សុខមាន