បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយ ដែលអាចឈ្នះជយលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA បន្ទាប់ពីជួយក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះជើងឯកពិភពលោកកាលពីខែធ្នូ។

ក្នុងបញ្ជីឈ្មោះនេះគេឃើញមានមិត្តរួមក្រុម Messi នៅ PSG, Kylian Mbappe រួមជាមួយកីឡាករអាហ្សង់ទីនផ្សេងទៀតដូចជាអ្នកចាំទី Emiliano Martinez និង Julian Alvarez ក៏ដូចជាខ្សែប្រយុទ្ធ Manchester City, Erling Haaland ផងដែរសុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ ១៤នាក់ដែលអាចឈ្នះ។ ក្រៅពីនោះក៏មានឈ្មោះ Robert Lewandowski, Kevin de Bruyne, Mohamed Salah, Neymar និង Achraf Hakimi រួមជាមួយម្ចាស់ពាន Ballon D’Or, Karim Benzema ផងដែរ។

ចំណែកពានគ្រូបង្វឹកឆ្នើមវិញឃើញមានឈ្មោះគ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni គ្រូបង្វឹក Real Madrid, Carlo Ancelotti គ្រូបង្វឹក Manchester City, Pep Guardiola គ្រូបារាំង Didier Deschamps និងគ្រូបង្វឹកម៉ារ៉ុក Walid Regragui។ អ្នកចាំទីឆ្នើមមានឈ្មោះ Alisson Becker របស់ Liverpool, Thibaut Courtois របស់ Real Madrid និងអ្នកចាំទី Aston Villa និងជម្រើសជាតិអាហ្សង់ទីន Emiliano Martinez។ នៅដើមខែកុម្ភៈខាងមុខ FIFA នឹងប្រកាសបញ្ជីឈ្មោះបីនាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ