ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិន បាន រៀបចំធ្វើបាឋកថា ដើម្បីចែករំលែកនៃការឈ្វេងយល់ពីទំនាក់ទំនង នៃប្រទេសទាំងពីរ ទៅដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិត នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក៏ដើម្បីស្វាគមន៍ទេសចរណ៍ចិនផងដែរ ។
ក្នុងសិក្ខាសាលាបាឋកថា ក្រោមប្រធានបទ “រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មីប្រពៃណីចិន” នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានថ្លែងថា កម្មវិធីនេះធ្វើឡើង មានគោលបំណងចំនួន៣ គឺទី១. ការឈ្វេងយល់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន, ទី២. ការផ្តល់នូវពុទ្ធិបទពិសោធន៍ ទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងទី៣. ចែករំលែក និងការប្រមូលផ្តំធាតុចូល ពីនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងការយល់ដឹងពីប្រទេសចិន ។
ក្នុងពេលចូលរួមស្ដាប់នូវបាឋកថា ក្រុមនិស្សិត បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីកម្ពុជា និងចិន តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះ ដោយបឋាកថានេះ ធ្វើឲ្យពួកគេទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ស្វាគមន៍ផងដែរ នូវដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ចិនមកកាន់កម្ពុជា ។
គួរបញ្ជាក់ថា បាឋកថានេះ រៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន សហការជាមួយ សាកលវិទ្យាល័យមេគង្គកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយអ្នកចូលរួម ក៏បានរៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ







