ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តបារាំង Sebastian Loeb នៅតែបន្តឈ្នះការប្រកួត ៤ដំណាក់កាលជាប់គ្នានៅព្រឹត្តិការណ៍ប្រណាំងយានយន្តចម្ងាយឆ្ងាយ Dakar Rally ក្រោយឈ្នះដំណាក់កាលទី១១ ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ដំណាក់កាលទី១១ ដែលមានចម្ងាយផ្លូវ ២៧៤គីឡូម៉ែត្រ ម្ចាស់ជើងឯក Rally ពិភពលោក ៩សម័យរូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ម៉ោង ៥៦នាទី ១៤វិនាទី តាមពីក្រោយដោយកីឡាករបារាំង Guerlain Chicherit យឺតជាង ២នាទី ១៦វិនាទី និងលេខ៣ កីឡាករស៊ុយអែត Mattias Ekstrom។ យ៉ាងណាក្តីកីឡាករជើងចាស់កាតា Nasser Al-Attiyah កាន់តែកៀកក្នុងការគ្រងជើងឯក Dakar Rally ផ្នែករថយន្តជាលើកទី៥ ក្នុងអាជីពក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ក្នុងដំណាក់កាលទី១១ នេះបន្តនាំមុខគេក្នុងតារាងរួមចំណេញពេល ១ម៉ោង ២១នាទី ៤វិនាទីពីអ្នកលេខ២ កីឡាករប្រេស៊ីល Lucas Moraes និងលេខ Sebastian Loeb។

ងាកមកការប្រកួតផ្នែកម៉ូតូវិញ អ្នកឈ្នះក្នុងដំណាក់កាលទី១១ នេះបានទៅកីឡាករអាហ្សង់ទីន Kevin Benavides ខណៈអ្នកមុខរួមបែមកជាកីឡាករអាមេរិក Skyler Howes វិញចំណេញពេលត្រឹម ២៨វិនាទីប៉ុណ្ណោះទំលាក់កីឡាករអូស្ត្រាលី Toby Price ទៅលេខ២ វិញ។ សម្រាប់ដំណាក់កាលទី១២ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ១៨៥គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ