ភ្នំពេញ : ឯកឧត្តម ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅ និងការចាក់បញ្ចាំងភាពយន្តជ័យលាភី មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣, នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។
លោកស្រី សុខុម សុផានិត អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការបោះពុម្ភសៀភៅនេះ អាចលេចចេញជារូបរាង ដោយសារការជួយឧបត្ថម្ភពីកញ្ញា តន់ ច័ន្ទសីមា តារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក្រោមគំនិតផ្តួចផ្តើមរបស់នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយលោក ឌិបផេនដ្រា ហ្គោច័ន្ទ ទីប្រឹក្សានាយកដ្ឋាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តល្អប្រសើរ ទាំងកម្រិតគុណភាពបច្ចេកទេស ការសម្តែង ក្រុមការងារប្រកបដោយវិជ្ជាជីវៈ កំណើន រោងភាពយន្តភាពយន្ត និងកំណើតនៃការផលិតទាំងសម្រាប់រោងភាពយន្ត និងទូរទស្សន៍។ ក៏ប៉ុន្តែបញ្ហាដែលយើងជួបប្រទះ និងខ្វះខាត គឺធនធានមនុស្សផ្នែកតែងនិពន្ធអត្ថបទភាពយន្ត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាល។ ក្នុងន័យនេះ ការបោះពុម្ភជាលើកទីមួយ នូវសៀវភៅអត្ថបទនិពន្ធភាពយន្ត ដកស្រង់ចេញពីស្នាដៃផលិតករភាពយន្តខ្នាតខ្លី ដែលបានដាក់សម្ពោធនាថ្ងៃនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ និងការចែករំលែកបទពិសោធន៍ ជាមូលដ្ឋានពាក់ព័ន្ធនឹងការតែងនិពន្ធអត្ថបទភាពយន្ត ជូនដល់សាធារណជន ផលិតករនានា រៀនសូត្រ ដកស្រង់បទពិសោធន៍ សម្រាប់ការតែងនិពន្ធស្នាដៃរបស់ខ្លួន ហើយនឹងក្លាយជាប្រយោជន៍សម្រាប់មិត្តអានទាំងអស់។
ចំណែកការសម្ពោធដាក់ឲ្យប្រើប្រាស់ សៀវភៅ អត្ថបទរឿងភាពយន្តដំបូងនេះ «រឿងរ៉ាវចេញពីបេះដូង» (Stories from the heart) ដែល បានចង ក្រងឡើងយ៉ាងម៉ត់ចត់ដោយក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់ប្អូនៗយុវជន យុវផលិតករភាពយន្ត និងអ្នកនិពន្ធ ដែលបានសិក្សាក្នុងវគ្គបណ្តុះ បណ្តាលខ្លីកន្លងមក។
សៀវភៅដំបូងនេះ មានអត្ថបទភាពយន្តចំនួន៣ចំណងជើង អត្ថបទទី១: មានចំណងជើងថា ស្រូវ (Rice) និពន្ធដោយ កញ្ញា សុធា អ៊ីណេស ដែលទទួលបានជ័យលាភីពានរង្វាន់ទី១ នៅ Tropfest SEA ក្នុងឆ្នាំ២០១៤ អត្ថបទទី២: មានចំណងជើងថា កាំបិតពេជ្រ (A Fistful of Pebbles) និពន្ធដោយ លោក ចាប សំចាន់រិទ្ធ ដែលទទួលបានជ័យលាភីពានរង្វាន់ទី៣ នៅ Tropfest SEA ក្នុងឆ្នាំ២០១៥ អត្ថបទទី៣: មានចំណងជើងថា ម្ពៃដុល្លារ (Twenty Dollars) និពន្ធដោយ លោក សាន វិសាល ដែលទទួលបានជ័យលាភីពាន រង្វាន់ទី១ មហោស្រពជាតិភាពយន្តខ្លីលើកទី១ ក្នុងឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ ឯកឧត្តម ទិត្យ ថាវរិទ្ធ បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញគាំទ្រយ៉ាងសកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយ មាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ជាសេនាធិការក្នុងការបំពេញតួនាទីយ៉ាងសំខាន់ និងបានរួមចំណែក ក្នុងការកសាងធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា តាមរយៈបណ្តុះបណ្តាល ផ្នែកដឹកនាំរឿង បច្ចេកទេសផលិតភាពយន្ត ជំនាញថត ការអត្ថបទនិពន្ធ និងការសម្តែងកន្លងមក។
ឯកឧត្តម ទិត្យ ថាវរិទ្ធ បានបញ្ជាក់ទៀតថា ក្រសួង ចាត់ទុកថាការបោះពុម្ភសៀវភៅអត្ថបទភាពយន្តដំបូងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាគឺជាឯកសារមួយ និងជាមូលដ្ឋានគ្រឹះមួយសម្រាប់ប្អូនៗ យុវជន យុវផលិតករភាពយន្ត សិក្សាស្វែងយល់ពីរបៀបសរសេរអត្ថបទភាពយន្តខ្លី រហូតដល់ អត្ថបទភាពយន្តវែង ដែលជាកូនសោក្នុងការបន្តអភិវឌ្ឍ យកទៅផលិតជាភាពយន្ត។ ឯកឧត្តម ជឿជាក់ថា សៀវភៅអត្ថបទភាពយន្តដំបូងនេះ នឹងទទួលបានការគាំទ្រនិងជោគជ័យ ត្រចេះ ត្រចង់ និងបន្តបោះពុម្ភសៀវភៅបន្ថែមទៀត ដែលជាមាគ៌ាសំខាន់មួយ ក្នុងវិស័យភាពយន្តរបស់កម្ពុជា៕ អត្ថបទ រដ្ឋា









