
ភ្នំពេញ៖ រថយន្តម៉ាកស្តារិចមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាត និងមនុស្សក្នុងរថយន្តរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុបប្រាសាទពេជ្រ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេឃើញរថយន្ត ដែលមានផ្លាកលេខ កំពត2B-5859 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារី៣នាក់ បានបើកបរយ៉ាងលឿន តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅឆ្វេង និងបានបុកក្បាលថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតនៅផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវ ត្រូវបានខូចខាតអស់មួយកង់ រួមទាំងគ្រឿងអំពូលភ្លើងបន្ថយល្បឿន និងស្លាកសញ្ញាប្រាប់ទិសដៅចរាចរណ៍ត្រូវបានខូចខាតផងដែរ។ ចំណែក មនុស្សប្រុសស្រី៤នាក់ នៅក្នុងរថយន្ត បានរងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕ អត្ថបទ៖ កុម្ភៈ







