កោះកុង ៖ ក្លិបបាល់ទះនៅខេត្តកោះកុង បានបើកការប្រកួតដណ្តើមពានរង្វាន់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តក្នុងន័យលើកស្ទួយវិស័យកីឡាបាល់ទះថ្នាក់មូលដ្ឋានបានឱ្យកាន់តែច្រើន។
លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថាដំណើរការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ ដើម្បីស្វែងរកជើងឯក ដោយមានក្រុមចូលរួមប្រកួតចំនួន១២ក្រុម។
ក្នុងពិធីបើកការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទះរបស់លោកជំទាវ មិថុនា ភូថង លោកស្នងការនគរបាលខេត្ត គូសបញ្ជាក់ថា ការដែលផ្តួចផ្តើមឱ្យជាការប្រកួតបាល់ទះនេះឡើង គឺក្នុងគោលបំណងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទះឱ្យមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ចៀសវាងអំពើអបាយមុខផ្សេងៗជំនួយមកវិញនូវសាមគ្គីភាព និងសុខភាពរឹងមាំល្អ ជាដើម។
លោក គង់ មនោ ប្រធានក្លិបកីឡាបាល់ទះខេត្ត បន្ថែមទៀតដែរថា ការលេងកីឡាក៏ជាចំណែកមួយពង្រឹងសមត្ថភាពគៀងគរលើកស្ទួយវិស័យលេងកីឡាបាល់ទះនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ដើម្បីសុខភាព និងឈានដល់ចូលរួមប្រកួតប្រជែងកម្រិតជាតិ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ធ្លាប់បានបំផុសស្មារតីដល់ប្រធានក្លិបកីឡាបាល់ទះខេត្ត ចាំបាច់បង្កើនការពង្រឹងចំណេះដឹងសមត្ថភាពដល់អ្នកដែលមានចាប់អារម្មណ៍ចូលរួមលេងកីឡាកាន់តែច្រើនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ឈានទៅប្រកួតប្រជែងកម្រិតថ្នាក់ជាតិ ឬកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
លោកជំទាវអភិបាលខេត្ត សង្កត់ធ្ងន់ថា ប្រសិនបើអ្នកមិនខិតខំបង្ហូរញើសនៅទីលានហ្វឹកហាត់នោះទេ អ្នកនឹងទទួលបរាជ័យនៅលើទីលានប្រកួត។
គួរកត់សម្គាល់ថា ៤ឆ្នាំចុងក្រោយនេះ វិស័យកីឡានៅខេត្តកោះកុងទទួលបានភាពរីកចម្រើនជាខ្លាំង ហើយទាំងទទួលបានមេដាយសំខាន់ៗក្នុងការចូលរួមប្រកួតប្រជែងថ្នាក់ជាតិផងដែរ ដូចជាកីឡាបាល់ទាត់ កីឡាទាត់សីស្លាប កីឡាតៃក្វាដូ និងកីឡាប្រណាំងម៉ូតូទឹក ជាដើម៕អត្តបទ៖ ឈឹម មករា






