ភ្នំពេញ៖ អភិបាលរងខេត្តកោះកុង បង្ហាញការទទួលស្គាល់អំពីគុណភាពអប់រំសិក្សាដល់កុមារនៅក្នុងខេត្តតាមរយៈការចូលរួមពង្រឹងបណ្តុះបណ្តាលរបស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ដែលអាចធ្វើពួកគេក្លាយជាធនធានមនុស្សដ៏សំខាន់ទៅថ្ងៃមុខ។
ថ្លែងក្នុងពិធីពិធីប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង យល់ឃើញថា សាលាអប់រំសិស្សឆ្នើមកម្ពុជា បានប្រឹងប្រែងអភិវឌ្ឍន៍កម្មវិធីសិក្សា និងពង្រឹងគុណភាពសិក្សាឱ្យដើរទាន់ប្រទេសជឿនលឿនក្នុងពិភពលោក និងបានប្រឹងប្រែងដើម្បីឱ្យសិស្សបានចូលរួមប្រឡងថ្នាក់អន្តរជាតិជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
លោកស្រីអភិបាលរងខេត្ត ក៏បានទទួលស្គាល់ពីកម្មវិធីគុណភាពអប់រំសិក្សាដល់កុមារ និងយុវជននៅក្នុងខេត្តកោះកុង តាមរយៈការរួមចំណែកពង្រឹងបណ្តុះបណ្តាលរបស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ដែលអាចធ្វើពួកគេក្លាយជាធនធានមនុស្សដ៏សំខាន់មួយ និងមានឱកាសជួយដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុងទៅថ្ងៃអនាគត។
លោកស្រី ឈី វ៉ា បង្ហាញក្តីរំពឹងដែរថា សិស្សានុសិស្ស នឹងបន្តក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗនិងទាន់សម័យ ដែលឱ្យសិស្សអាចមានឱកាសចូលរួមប្រឡងកម្រិតអន្តរជាតិនានា នៅក្រៅប្រទេសជាមួយសិស្សផ្សេងៗ ក្នុងពិភពលោក។ ក្នុងបុព្វហេតុកសាង និងអភិវឌ្បន៍វិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមធនធានមនុស្សយើងឱ្យទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ូច អានភក្តី ស្ថាបនិកសាលាអប់រំសិស្សឆ្នើមកម្ពុជាប្រចាំខេត្តកោះកុង បានឱ្យដឹងថា សាលារៀនរបស់លោកបានផ្តើមដំណើរជាង៣ឆ្នាំមកហើយ ក្នុងគោលដៅរួមធ្វើយ៉ាងណាបណ្តុះបណ្តាលការសិក្សាដល់សិស្សកម្រិតមតេយ្យរហូតដល់វិទ្យាល័យ។
លោក បន្ថែមទៀតថា លោកមានបំណងចង់ឱ្យសិស្សដែលកំពុងរៀនសូត្រ ក្លាយជាសិស្សឆ្នើមមានសមត្ថភាពពិតប្រាកដ និងស្តង់ដារគុណភាពអប់រំអន្តរជាតិ ដើម្បីអនាគតដ៏របស់ពួកគេ ទាំងចំណេះដឹងផ្នែកវិទ្យាសាស្រ្តពិត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។
ដោយឡែកអាណាព្យាបាលដែលបញ្ជូនកូនមករៀននៅសាលាអប់រំសិស្សឆ្នើមកម្ពុជាប្រចាំខេត្តកោះកុង គាំទ្រពីគុណភាពអប់រំសិក្សារបស់សាលាឯកជនមួយផងដែរ ដោយពួកគាត់យល់ថា កូនៗមានសមត្ថភាព និងចំណេះដឹងល្អប្រសើរពិតប្រាកដមែន។
សិស្សនៅសាលាអប់រំសិស្សឆ្នើមកម្ពុជានៅខេត្តកោះកុងសរុបចំនួន៤១នាក់/ស្រី២៣នាក់ បានទទួលមេដាយអន្តរជាតិ លិខិតសរសើរអន្តរជាតិ សញ្ញាបត្រអន្តរជាតិ៕អត្ថបទ៖ ឈឹម មករា








