ប្រទេសម៉ាលឌីវ,ទីក្រុងម៉ាល៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឆ្លៀតឱកាសចូលរួមក្នុងគណៈប្រតិភូអម សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញទេសចរណ៍កិច្ចផ្លូវការនៅប្រទសម៉ាល់ឌីវ ឧត្ដមមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដមបណ្ឌិត Ahmed Salih អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ និងសហការី បានជួបពិភាក្សាគ្នា នៅក្រសួងទេសចរណ៍ម៉ាល់ឌីវ ដើម្បីរៀបចំយន្តការការងារក្នុងការបង្កើនកិច្ចសហការទេសចរណ៍ នៃប្រទេសទាំងពីរ ស្របតាមស្មារតី នៃអនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាល់ឌីវ ដែលនឹងត្រូវផ្លាស់ប្ដូរគ្នា ដោយរដ្ឋមន្ត្រីទេសចរណ៍ ចំពោះមុខ នៃប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ក្រុមការងារនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃឃើញកាឡានុវត្តភាពដ៏ធំធេងក្នុងការជំរុញការលំហូរទេសចរ នៃប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចជាលើកដំបូង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសម៉ាល់ឌីវ ។ មន្ត្រីជំនាញក៏បានឯកភាពគ្នាបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលនឹងត្រូវពិនិត្យពិភាក្សា ដើម្បីរៀបចំផែនការអនុវត្តអនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕ អត្ថបទ៖ វ៉ន ដារ៉ា




