រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ប្រតិបត្តិការសឹកនៅក្នុងប្រទេសអ៊ុយក្រែនទទួលបានសន្ទុះរីកចម្រើនជាវិជ្ជមាន ហើយថាលោកសង្ឃឹមថាកងទ័ពរបស់លោកនឹងដណ្ដើមបានជ័យជម្នះកាន់តែច្រើនថែមទៀត បន្ទាប់ពីរុស្ស៊ីប្រកាសពីការគ្រប់គ្រងបានទីក្រុងផលិតអំបិល Soledar ភាគខាងកើតរបស់អ៊ុយក្រែន។
ការវាយលុកចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបណ្ដាលឲ្យក្លាយជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក និងជាការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងទីក្រុង Moscow និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលរបស់គុយបាឆ្នាំ១៩៦២ មក។ រុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុង Soledar ជាជោគជ័យដ៏កម្រមួយសម្រាប់ទីក្រុង Moscow បន្ទាប់ពីការចាញ់ប្រៀបនៅសមរភូមិប៉ុន្មានខែមកនេះ។
លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋរ៉ូស៊ីយ៉ា ១ (Rossiya 1) នៅពេលសួរអំពីការវាយដណ្ដើមបានទីក្រុងផលិតអំបិល Soledar ថា ដំណើរការវិវត្តន៍នៃសង្គ្រាមគឺវិជ្ជមាន។ អ្វីៗកំពុងបោះជំហានទៅមុខតាមផែនការរបស់ក្រសួងការពារជាតិ និងនាយអគ្គសេនាធិការ។ ខ្ញុំសង្ឃឹមថា ក្រុមអ្នកប្រយុទ្ធរបស់យើងនឹងនាំលទ្ធផលកាន់តែល្អប្រសើរថែមទៀត នៃការប្រយុទ្ធរបស់ពួកគេមកឲ្យយើង៕ អត្ថបទ៖ ក្រូច សុខមាន
