រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការព្រមានដាច់ណាត់ដល់ប្រទេសលោកខាងលិច ដែលចង់ឈ្លានពានបន្ថែមទៀតលើផលប្រយោជន៍សន្តិសុខប្រទេសរបស់លោក ដោយលោកបានបញ្ជាក់ថា ការឆ្លើយតបរបស់ទីក្រុងម៉ូស្គូនឹងឆាប់រហ័ស និងមុតមាំ ហើយនឹងធ្វើឲ្យពិរុទ្ធជនមានអារម្មណ៍សោកស្ដាយខ្លាំង ចំពោះទង្វើរបស់ពួកគេ។
ការព្រមានអំឡុងសុន្ទរកថាជាតិប្រចាំឆ្នាំរបស់លោក ពូទីន បានធ្វើឡើងស្របពេលមានការដំឡើងយោធាទ្រង់ទ្រាយធំនៅជិតព្រំដែនអ៊ុយក្រែន ជាទីដែលការបំពានលើបទឈប់បាញ់នៅក្នុងជម្លោះរយៈពេល ៧ឆ្នាំរវាងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែនបានឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ បានជំរុញឲ្យវិមានក្រឹមឡាំងដកទាហានចេញវិញ។ លោក ពូទីន បាននិយាយ លោកសង្ឃឹមថា គ្មាននរណាម្នាក់ហ៊ានឆ្លងគំនូសក្រហមនោះទេ ដើម្បីជាការគោរពរុស្ស៊ី ហើយពួកយើងនឹងកំណត់កន្លែងជាក់លាក់របស់ពួកយើង។ អ្នកទាំងឡាយណាដែលរៀបចំការគំរាមកំហែងអរិភាព មកលើផលប្រយោជន៍សន្តិសុខស្នូលរបស់ពួកយើង ពួកគេនឹងសោកស្ដាយចំពោះទង្វើរបស់ពួកគេ ជាងពេលណាៗទាំងអស់។
ទីក្រុងម៉ូស្គូបានច្រានចោលរាល់ក្តីកង្វល់របស់អ៊ុយក្រែន និងលោកខាងលិចចំពោះការដំឡើងទាហានរបស់ខ្លួន ដោយពួកគេអះអាងថា ពួកគេមិនបានគំរាមកំហែងនរណាម្នាក់នោះទេ ហើយរុស្ស៊ីមានសេរីភាពក្នុងការដាក់ ពង្រាយកងកម្លាំងរបស់ខ្លួននៅលើទឹកដីពួកគេ ប៉ុន្តែវិមានក្រឹមឡាំងបានព្រមានអ៊ុយក្រែនកុំឲ្យប្រើប្រាស់កម្លាំង ក្នុងការដណ្តើមយកតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងកើតប្រទេសជាដាច់ខាត ដោយពួកគេអះអាងថា រុស្ស៊ី អាចនឹងបង្ខំចិត្តធ្វើអន្តរាគមន៍ដើម្បីការពារជនស៊ីវិលនៅទីនោះ។ លោក ពូទីន និយាយថា ពួកយើងមិនចង់ដុតបំផ្លាញស្ពាននោះទេ តែបើសិនជាមានកំហុសណាមួយមកលើគោលបំណងល្អរបស់ពួកយើង ក្នុងហេតុផលព្រងើយកន្តើយ ឬចង់ឲ្យទន់ខ្សោយ និងមានបំណងដុតកម្ទេច ឬបំផ្ទុះស្ពានទាំងអស់នោះដោយខ្លួនពួកគេ ការឆ្លើយតបរបស់រុស្ស៊ីនឹងមានភ្លាម និងខ្លាំងក្លាបំផុត៕
អត្ថបទ៖ សារ៉ាត់