កីឡាឧបសគ្គ៖ សហព័ន្ធកីឡាឧបសគ្គកម្ពុជាត្រូវបានបង្កើតជាផ្លូវការហើយ ក្រោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីមានរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំត្រឹមត្រូវឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើន ពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។
នេះបើយោងតាមមហាសន្និបាតបោះឆ្នោតជ្រើសរើស សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី១ ឆ្នាំ២០២៣-២០២៧ របស់សហព័ន្ធកីឡាឧបសគ្គកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កីឡាឧបសគ្គ គឺជាប្រភេទកីឡាមួយក្នុងចំណោមកីឡា ៣៨ប្រទេស ដែលត្រូវបានអនុម័តដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការណ៍នេះនាំឲ្យអាជ្ញាធរកីឡាដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអាណាព្យាបាល ជំរុញឲ្យមានការបង្កើតសហព័ន្ធឡើង ស្របតាមយន្ដការជាតិ និងអន្ដរជាតិ ដើម្បីត្រៀមខ្លួនទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាខែឧសភាខាងមុខ។
ចំពោះរចនាសម្ព័ន្ធថ្នាក់ដឹកនាំអាណត្តិទី១ នេះគឺមានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១៣នាក់រួមមានឯកឧត្តម បួនហ៊ីង សុធីយ៉ា ជាប្រធានសហព័ន្ធ រួមទាំងលោក ខេស៊ី បាណេត, លោក ឌី សុវណ្ណា, លោក ជីម គីមហ៊ុយ, លោក ឃី សុភា និងលោក ខ្ចៅ សុភាព ជាអនុប្រធាន។ លោក សុទ្ធ រ៉ាដាកូ ជាអគ្គហេរញ្ញឹក និងមានលោក ធិន វិចិត្រ ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរងម្នាក់ និងសមាជិក ៤រូបផ្សេងទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យរីកចម្រើន។ ឯកឧត្តមបានក្រើនរំលឹកថា កីឡាឧបសគ្គក៏មានវត្តមានក្នុងស៊ីហ្គេមដែរ ហេតុនេះសហព័ន្ធមានភារកិច្ចជាច្រើនត្រូវធ្វើ ដ្បិតសល់រយៈពេលខ្លីសម្រាប់រៀបចំ ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីដើម្បីធានាបាននូវគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ចំពោះក្រសួងអប់រំគឺបានប្ដេជ្ញាគាំទ្រពេញទំហឹង ដូចសហព័ន្ធកីឡាដទៃដែរ។
ជាមួយគ្នានោះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា ក្នុងនាមប្រធានសហព័ន្ធក្មេងខ្ចីនេះ បានធ្វើការប្ដេជ្ញាខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍សហព័ន្ធឲ្យមានភាពរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសបេសកកម្មដ៏សំខាន់ចំពោះមុខ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕
អត្ថបទ៖ លី ឈុនឡា