បាត់ដំបង៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឱ្យដឹងថា ខេត្តបាត់ដំបងជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង "ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២" ខណៈខេត្តព្រះសីហនុជាប់ជ័យលាភីលេខ២ និងសៀមរាបលេខ៣។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបញ្ជាក់បន្ថែមថា ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង "ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត" នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
កម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ២០២២" (Best Countdown City of The Year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតអស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែររបស់អ្នកខេត្តបាត់ដំបងដែលល្បីល្បាញសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣។ ក្រៅពីការដាក់តាំងបង្ហាញម្ហូបអាហារ និងបង្អែមខ្មែររដ្ឋបាលខេត្តបានតុបតែងលម្អ រៀបចំភ្លើងពណ៌តាមស្ពាន សួនច្បារ អគារ ទីសាធារណៈនានា ការដាក់តាំងពិព័រណ៍ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំប្រជាប្រិយ ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ការប្រគុំតន្ត្រីខ្នាតតូច-ធំ និងការអុជកាំជ្រួចនាពេលរាត្រីព្រមទាំងបានពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់សុវត្ថិភាព ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរ និងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណ២១ម៉ឺននាក់៕







