បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តទម្រង់អស្ចារ្យរបស់ខ្លួនក្នុងរដូវកាលនេះ ក្រោយយកឈ្នះនៅទឹកដី Tottenham Hotspur ២-០ ដើម្បីពន្លាតការនាំមុខនៅ Premier League ដល់ ៨ពិន្ទុពី Manchester City។

ក្រុមរបស់លោក Mikel Arteta នៅតែជាក្រុមមានប្រៀបនៅចំពោះមុខអ្នកគាំទ្រ Spurs និងបានបើកការនាំមុខមុននៅនាទីទី១៤ ដែលជាការស៊ុតរបស់ Martin Odegaard តែបុកអ្នកចាំទី Hugo Lloris ផ្លាតចូលទី និងត្រូវចាត់ទុកថាជាគ្រាប់បាល់ចូលទីខ្លួនឯងដោយអ្នកចាំទីបារាំង។ ក្រោយមកខ្សែបម្រើន័រវេសដដែលនេះ ក៏រកបានគ្រាប់របស់ខ្លួនទាល់តែបាននៅនាទីទី៣៦ ដែលជាការស៊ុតពីចំងាយយ៉ាងល្អ។

អ្នកចាំទី Arsenal, Aaron Ramsdale គឺជាតួអង្គសំខាន់ក្នុងការប្រកួតនេះដែរ តាមរយៈការជួយសង្គ្រោះបាល់សំខាន់ៗជាច្រើន និងត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំការប្រកួតផងដែរ។ ជ័យជំនះនេះធ្វើឱ្យ Arsenal ឡើងមកនាំមុខដាច់ដល់ទៅ ៨ពិន្ទុពីក្រុមលេខ២ Manchester City ដែលចាញ់នៅទឹកដី Manchester United ២-១ កាលពីថ្ងៃសៅរ៍។ ប្រកួតបន្ទាប់ Arsenal ត្រូវទទួល Manchester United នៅថ្ងៃអាទិត្យទី២២ ខណៈ Spurs ត្រូវទៅទឹកដី Manchester City យប់ថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖នាង សុភាវុធ